CCOSC

ការអប់រំអនាម័យ៖ ជួយសង្គ្រោះកុមារជាង ៤០០០នាក់ រៀងរាល់ឆ្នាំ

អា 5 កក្កដា 2015 | Street Children | Goutte d’Eau/DamnokToek (DT)

© CCOSC/AEAI

ផ្ទះខ្ទមតូចៗ ភក់នៅតាមថ្នល់ លូទឹកស្អុយ សំរាម ខ្លិន​ស្អុយ ។​ ល។ នេះគឺជា​តំបន់​ដែល​សហគមន៍ក្រីក្រនៅអ្នកលឿង​បាន​ និង កំពុងរស់នៅ។ យោង​តាម​របាយការណ៍​របស់ អង្គការ យូនីសេស ក្នុងឆ្នាំ២០១៤មានជាង​ពាក់ កណ្តាល​​នៃចំនួន​ប្រជាជន​សរុប​ក្នុងប្រទេសកម្ពុជា មិនមាន​លទ្ធភាព​ប្រើប្រាស់​ទឹកស្អាត និង​ខ្វះចំណេះដឹងពីមូលដ្ឋានគ្រឹះផ្នែក​អនាម័យ។ កុមារ​តូចៗ គឺជា​ក្រុម​ដែលងាយ​រងគ្រោះខ្លាំងជាងគេ ​ពីបញ្ហាទឹក​មិនស្អាត កង្វះអនាម័យ និងសេវាសុខភាព។ពួកគេអាចប្រឈម មុខនឹងជំងឺសើស្បែក ផ្លូវដង្ហើម ពោះវៀន និងជំងឺផ្សេងៗទៀត។ តាមប្រភពពី​អង្គការសុខភាពពិភពលោក​ឆ្នាំ​២០១៤ជំងឺរាគរូសនៅតែជាជំងឺចម្បងទី២​ដែល​ធ្វើឲ្យ​កុមារ​ស្លាប់ច្រើន​ជាងគេ នៅតំបន់​អាស៊ីបូព៌ា។​

 

នៅក្នុងប្រទេសកម្ពុជា​ យើង​អាច​ប៉ាន់​ប្រមាណបានថា ​​កុមារមានប្រហែល​ចំនួន ១០ ០០០នាក់​បាន​ស្លាប់​ជា​រៀងរាល់​ឆ្នាំ ដោយ​សារ​កង្វះអនាម័យ។ យោងតាម​របាយការណ៍ឆ្នាំ២០១៤ របស់អង្គការ យូនីសេសដដែល បាន បញ្ជាក់ថា ការលាង ដៃជាមួយសាប៊ូ គឺអាច​កាត់បន្ថយ​អាត្រាមរណៈរបស់​កុមារ​បាន​ច្រើន​ជាង​៤០%។ នេះមានន័យថា ការអនុវត្តផ្នែកអនាម័យ​បានត្រឹមត្រូវ គឺអាច​ជួយ​សង្គ្រោះកុមារ​បាន​ប្រហែល​ជាង​៤០០០​នាក់​ជារៀង រាល់ ឆ្នាំ។ ទោះជា​យ៉ាងនេះក្តី ប្រជាជន​ចំនួន​​៦នាក់ ក្នុង​ចំណោម​១០នាក់​ប៉ុណ្ណោះដែល​មាន​ទម្លាប់​លាងដៃបាន​ស្អាត។ នេះ​បើ​តាម​ការ​ស្ទង់មតិ​ស្តីពីសុខភាព និងអនាម័យ​ជាតិឆ្នាំ២០១០។

 

ការអប់រំ និង​សុខភាព ត្រូវ​តែធ្វើរួមគ្នា

 

អង្គការ អេដ អេ អាក់ស្យុង ប្រចាំប្រទេសកម្ពុជា តែងតែខិតខំប្រឹងប្រែង​ក្នុង​ការ​លើក​កម្ពស់ការយល់ដឹង​ទាក់ទងនឹងផ្នែក​អនាម័យ ក្នុង​គោលបំណងធ្វើ​ការ​ផ្លាស់ប្តូរទម្លាប់​របស់​ប្រជាជន​ដើម្បី ឲ្យពួកគាត់​លាងដៃនឹងសាប៊ូ ដុស​ធ្មេញ ប្រើប្រាស់ និង​ញ៉ាំទឹកស្អាត។ “ការបង្រៀនផ្នែក​​អនាម័យ គឺជាកម្មវិធីសិក្សាចាំបាច់ណាស់​ក្នុងមណ្ឌល​របស់​យើង។ វាមាន​សារៈសំខាន់ណាស់​ក្នុងការ​កាត់បន្ថយ​ការ​រីករាលដាល​នៃជំងឺឆ្លង។ ខ្ញុំតែងតែ​ដាស់​តឿន​សិស្ស​របស់​ខ្ញុំ​ឲ្យលាងដៃឲ្យបានស្អាត នៅមុន និងក្រោយ ​ពេល​លេង ពេលញ៉ាំអាហារ និង​ពេល​ប្រើបន្ទប់ទឹក” នេះបើតាមប្រសាសន៍របស់លោកសុខា គ្រូបង្រៀននៅមណ្ឌល​តំណក់ទឹក ដែលជាអង្គការដៃគូរបស់​​អង្គការអេដ​ អេ អាក់ស្យុង ។ ការ​​លាងដៃឱ្យបានស្អាត គឺត្រូវ​ធ្វើ​ឡើង​ជាមួយ​នឹង​ទឹកស្អាត និង​សាប៊ូដែល​អង្គការបាន​ផ្គត់ផ្គង់​ឲ្យ។ សាប៊ូ ថ្នាំដុសធ្មេញ និង​ច្រាសដុសធ្មេញ គឺមាន​ជារៀងរាល់​ពេល​សម្រាប់​កុមារ​ក្នុងមណ្ឌល។ ជាលទ្ធផល“កុមារ​​តែងតែដុសធ្មេញ និង​លាងដៃ​យ៉ាងទៀតទាត់​ជា​រៀងរាល់ថ្ងៃ។ ឥឡូវនេះ ខ្ញុំសង្កេតឃើញថា ពួកគេ​មិន​សូវ​ឈឺ និង​មិន​សូវ​អវត្តមានទេ” លោក​សុខាបានបន្ថែម។

 

ស្ថានភាពគឹមានភាពធ្ងន់ធ្ងរណាស់​សម្រាប់​ប្រទេសមួយ ដែល​សាលាឋមសិក្សា​ជាង​៤០%​​ មិនមាន​ប្រព័ន្ធទឹកស្អាតប្រើប្រាស់ (យូនីស្កូឆ្នាំ២០១៤)។ ការលាងដៃ ការ​ដុសធ្មេញ និងការ​បរិភោគ​ទឹកស្អាត គឺសកម្ម​ភាពសាមញ្ញ បំផុតសម្រាប់​បង្កា បញ្ហាកង្វះអាហារូបត្ថម្ភ ជំងឺ​រាគរូស និងជំងឺព្រូន។ ជំងឺទាំងនេះ គឺទាក់ទងនឹង​ទឹកមិនស្អាត និងកង្វះអនាម័យ ហើយ​វាបង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​រៀនសូត្ររបស់​កុមារ។

 

ម៉្យាងវិញទៀត កុមារ​ដែល​មិនមានអនាម័យ​ស្អាត អាច​ត្រូវបានកុមារ​ដទៃទៀត ​សើច​ចំអក​ ឬមិនលេងជាមួយ។ ការអប់រំ​ពីអនាម័យអាច​បង្កើនគុណភាពនៃការ​រៀន និង​សុខុមាល​ភាព​របស់​​កុមារ​បាន​យ៉ាង​ពិតប្រាកដ។ ការ​អប់រំ​នេះ​បាន​ជំរុញឲ្យ​មាន​ការ​ធ្វើ​សមាហរណកម្ម​កុមារ​​ទៅក្នុង​សង្គម និង​ធ្វើ​ឲ្យ​ពួកគេ​ចេះផ្តល់​តម្លៃឱ្យ​គ្នា​ទៅវិញ​ទៅមក។

 

ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កុមារ​ជំនាន់​ថ្មី​ដែល​មាន​សុខភាពល្អ

 

កង្វះអនាម័យនៅក្នុង​ថ្នាក់​រៀន ផ្តល់​ផល​ប៉ះពាល់​យ៉ា​ង​ខ្លាំង​ដល់​សហគមន៍ទាំងមូល។ ប្រសិន​បើនៅសាលារៀន​មានជំងឺ កុមារអាចជាភ្នាក់ងារ​ចម្លងជំងឺទាំងនោះទៅដល់​គ្រួសារ​របស់​គេ។ ផ្ទុយទៅវិញ កុមារ​ និង​យុវជនក៏​អាច​ជា​ភ្នាក់ងារ ធ្វើ​ឲ្យមាន​ការ​ផ្លាស់ប្តូរក្នុងគ្រួសារ និង​សង្គម​របស់​ពួកគេ ក្នុង​ការ​ទម្លាប់​មាន​អនាម័យ​ស្អាត។ ​អ្នកស្រី ពេជ្រ សាមៀន អាយុ​៤១ឆ្នាំ ជាម្តាយ​របស់​កុមារីដែល​រៀន​នៅក្នុង​មណ្ឌល​មានប្រសាសន៍៖ “កូន​ស្រីរបស់​ខ្ញុំ បាន​ប្រាប់​ខ្ញុំ​ឲ្យ​មាន​ទម្លាប់​លាងដៃ មុន និង​ក្រោយ​ពេល​ញ៉ាំអាហារ និង​ប្រាប់​ខ្ញុំ​ឲ្យញ៉ាំទឹកស្អាត។ ការ​មាន​ទម្លាប់​ក្នុង​ការ​មាន​អនាម័យ​ល្អ ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​ពួក​យើង កូន​របស់​ខ្ញុំ​កម្រ​នឹង​មាន​អការៈរាគ​រូស ណាស់ ដូច្នេះ​ការចំណាយ​របស់​ខ្ញុំ​ទៅលើ​ថ្នាំពេទ្យមាន​ការ​កាត់បន្ថយច្រើន។ អ្នកស្រី​បាន​រៀបរាប់​ដូច្នេះ។ ការងារ​អប់រំ​នៅតាម​សាលារៀន គឺជា​មធ្យោបាយ​ល្អ​បំផុតក្នុង​ការ​ផ្សព្វផ្សាយ​ទៅដល់​សហគមន៍ ទាំងមូល។ ហេតុដូច្នេះហើយ អង្គការ អេដ​ អេ អាក់ស្យុង ប្រចាំប្រទេសកម្ពុជា តែងតែពង្រឹង​កិច្ច​ខិតខំប្រឹងប្រែង ក្នុងការ​លើកកម្ពស់​ការ​អប់រំផ្នែក​អនាម័យ ​នៅតាម​សាលារៀនសម្រាប់​កុមារ​ក្រីក្រ និង​កុមារដែល​ងាយ​រងគ្រោះ​បំផុត។​

 

ការបង្រៀន​ឲ្យកុមារ​មាន​ទម្លាប់​មាន​អនាម័យល្អនៅក្នុងសាលារៀន គឹជាជំហានដំបូងឆ្ពោះទៅរក​ការ​ធានាឲ្យមាន​បរិយាកាសសិក្សា ដែល​អាច​ធ្វើ​ឲ្យកុមារ​មាន​សុខភាពល្អ។ នេះគឺជាការវិនិយោគទៅលើ​ការសិក្សា​របស់​សិស្ស​សាលា និង​ទៅលើ​សុខភាព​របស់​កុមារ​ជំនាន់ក្រោយ។ វាក៏អាចជួយឲ្យកុមារសម្រេចបាន​នូវ​សក្តានុពល​ពេញលេញរបស់​ពួកគេ ព្រមទាំងធ្វើឲ្យ​ពួកគេ​ក្លាយ​ទៅជា​មនុស្ស​ពេញវ័យ​ដេល​មាន​សុខភាពល្អ​ផងដែរ។ 


Components


ដៃ​គូ​